ឯកឧត្តម ឈា ប៊ុនរិទ្ធ ចាត់ក្រុមការងារចុះសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស ក្នុងឃុំម្សាក្រង ស្រុកស្ទោង

 

(កំពង់ធំ)៖នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

សកម្មភាពចុះមូលដ្ឋាននាឱកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖ ការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះសមាជិកបក្សឡើងវិញឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ បន្ថែមពីនេះ ក្រុមការងារបានពិនិត្យបញ្ជីឈ្មោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមលក្ខណៈសម្របសម្រួលជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត ឱ្យបានចូលរួមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខផងដែរ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនចំពោះសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ ក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពង្រឹងស្មារតីសាមគ្គីភាពជាធ្លុងមួយយ៉ាងរឹងមាំ និងគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងការដឹកនាំរបស់គណបក្ស ដើម្បីធានាឱ្យបាននូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *