ឯកឧត្តម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug នៅខេត្តព្រះសីហនុ

 

ព្រះសីហនុ៖ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug នៅខេត្តព្រះសីហនុ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ថង សាវុន ឯកឧត្តម ណយ ស្រូន ឯកឧត្តម ឈិត សុគន្ធី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) លោក ណៃ គង់ អភិបាលរង តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចស្វាគមន៍ លោក ណៃ គង់ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពភូមិ-ឃុំ ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសម្តែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យសាសនា ដែលជាបង្អែកផ្នែកស្មារតីដ៏រឹងមាំ ក្នុងការអប់រំសីលធម៌សង្គម។

ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ពីគោលបំណងធំៗចំនួន ៤ នៃសិក្ខាសាលានេះរួមមាន៖ ទី១. បង្កើនការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ទី២. ជំរុញការទាញយក និងប្រើប្រាស់កម្មវិធី (App NoDrug) ទី៣. បង្កើនការយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ទី៤. ចូលរួមចំណែកអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល, ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ការចូលរួមពីថ្នាក់ដឹកនាំគ្រប់សាសនា គឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ក្នុងការអប់រំសាសនិកជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងជួយសង្គ្រោះយុវជនពីមហន្តរាយនេះ»។

អង្គសិក្ខាសាលានេះ អង្គពិធីទាំងមូលក៏ទទួលបានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពី ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ អំពីចំណេះដឹងមូលដ្ឋាននៃគ្រឿងញៀន និងអត្ថប្រយោជន៍នៃការដំឡើងកម្មវិធី App NoDrug ក្នុងទូរស័ព្ទដៃ ដែលជាបណ្តាញផ្តល់ព័ត៌មាន និងរាយការណ៍រហ័សប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ ក៏មានការអានរបាយការណ៍បូកសរុបលទ្ធផលការងារលើកកម្ពស់ការអប់រំ ដោយប្រធានក្រុមប្រឹក្សា CCCN ផងដែរ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម ឆាយ វណ្ណា បានផ្តល់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ចំពោះចលនាអន្តរសាសនា ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសង្គមជាតិមួយដែលស្អាតស្អំ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *