ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកក្រុមការងារផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពភាព ឯកឧត្តម សាយ សំអាល់ សមាជិកគណ:អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ។ ពិធីក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមប្រធានយុវជនគណបក្សខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានកត់សម្គាល់ថា កម្ពុជាគឺជាសង្គមសេរីនិងពហុវប្បធម៌ ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្ថាប័នសាសនាត្រូវតែជាស្ថាប័នគំរូ និងជាស្ថាប័ននាំផ្លូវក្នុងកិច្ចការសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអប់រំ ដើម្បីធានាការលូតលាស់របស់ប្រជាជនកម្ពុជាគ្រប់រូប។
ឯកឧត្តមបានបន្ថែមថា សម្រាប់វិស័យអប់រំ ត្រូវផ្តល់ឱកាស និងជម្រើសកាន់តែទូលំទូលាយក្នុងការសិក្សា ដោយប្រើប្រាស់បច្ចេកវិទ្យាអ៉ីធឺណែត ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍សម្រាប់ការត្រាស់ដឹង។ ទន្ទឹមនឹងនេះ ស្ថាប័នសាសនាអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាសង្គមដូចជា គ្រឿងញៀន ជំងឺធាត់ជ្រុល ជំងឺបេះដូង ជំងឺសម្ពាធឈាម និងបញ្ហាចរិយាមាយាទ តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅ និងណែនាំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អ។ ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកកម្ពស់សីលធម៌សង្គមតាមរយៈវិស័យសាសនា។

