(ភ្នំពេញ)៖នារសៀលថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនដល់ លោកស្រី ជូ សារ៉េម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទាល់ ស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា លោកស្រី ជូ សារ៉េម អាយុ ៥៩ឆ្នាំ ជាមន្រ្តីរាជការនៃនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម ដែលមានជំងឺប្រចាំកាយ និងធ្លាប់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយបច្ចុប្បន្នបានត្រឡប់មកសម្រាកព្យាបាលបន្តនៅគេហដ្ឋានវិញ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ ក៏មានវត្តមានចូលរួមអមដំណើរពី លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ព្រមទាំងលោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមនារីកម្ពុជាដើម្បីសនិ្ដភាព និងអភិវឌ្ឍន៍សាខាក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ លៀង យុគ ថោជេដ្ឋា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីរាជការក្រោមឱវាទទាំងអស់របស់ក្រសួងធនធានទឹក និងឧតុនិយម៕

