(ភ្នំពេញ)៖វិមាន ៧មករា នៅរសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការពង្រឹងសមត្ថភាព យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមចំនួន ៣៥២ រូប។
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាង និងការពង្រឹងសមត្ថភាព យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាលនេះ រៀបចំឡើងនៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល សហការជាមួយយុវជនគណបក្សថ្នាក់កណ្តាល រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនគណបក្សប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានបទបង្ហាញចំនួន២ ផ្តល់ជូនដើម្បីកសាងសមត្ថភាពយុវជន ដែលបទបង្ហាញទី១ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយឯកឧត្តមបណ្ឌិត ឡាយ សុបញ្ញា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់កណ្តាល និងបទបង្ហាញទី២ ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដោយឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល,សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល។
ក្នុងបទបង្ហាញនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងអំពីសារៈសំខាន់នៃហិរញ្ញវត្ថុ និងការវិនិយោគសម្រាប់អនាគត និងអំពីទស្សនាទាននៃការរៀបចំប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ដ៏មានសារសំខាន់ និងការមើលឃើញអំពីសេដ្ឋកិច្ចធំៗ ២ គឺសហរដ្ឋអាម៉េរិកនិងចិន ដែលកំពុងតែប្រកួតប្រជែងគ្នា។
ឯកឧត្តមបណ្ឌិត បានលើកឡើងពន្យល់អំពី៖
១. ស្ថានភាព និងទស្សនៈវិស័យសេដ្ឋកិច្ចសកល ដោយមានការព្យាករណ៍សេដ្ឋកិច្ចសកលមានកំណើនយឺត ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ផ្សេងៗ ដែលបណ្តាលមកពីភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ដែលធ្វើអោយមានវិបត្តិថាមពល និងតម្លៃប្រេងហក់ឡើងខ្ពស់ ដែលបង្កើតជាសម្ពាធអវិជ្ជមានដល់គ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ ទាំងផលិតកម្ម សេវាកម្ម និងខ្សែច្រវាក់ដឹកជញ្ជូនសកល។
២. ស្ថានភាព និងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា ដោយសារផលលាភនៃសកលភាវូបនីយកម្ម បានចូលរួមពូនជ្រុំកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអាត្រាកំណើនខ្ពស់ប្រមាណ ៧ភាគរយជាមធ្យមប្រចាំឆ្នាំ (មុនវិបិត្តកូវីដ ១៩) ខណដែលកំណើនបានកំពុងវិលត្រឡប់ទៅគន្លងសក្តានុពលវិញជាបណ្តើរៗក្រោយវិបត្តិកូវីដ ១៩។
៣. ទិសដៅវិនិយោគសម្រាប់អនាគត ដែលមានអត្ថន័យធំជាងប្រាក់ចំណេញ គឺជាការអភិវឌ្ឍន៍មូលធន ការចូលររួមកសាងជាតិ និងនវានុវត្តន៍ប្រកបដោយចីរភាព។
៤. ទស្សនាទាននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាយុទ្ធសាស្ត្រពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយមិនពឹងផ្អែកតែលើវិស័យ ឬផលិតផលតែមួយមុខនោះទេ។
ឯកឧត្តមបណ្ឌិត បានជំរុញយុវជនចូលរួមស្វែងយល់ទាំងអស់គ្នាអំពីការវិនិយោគសម្រាប់អនាគត ដែលជាការត្រៀមខ្លួនចម្លងសេដ្ឋកិច្ចកម្ពុជា ទៅកាន់យុគសម័យថ្មី តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល និងការបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។
ក្នុងឱកាសពិធីបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងបានសម្តែងនូវការកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់។ ឯកឧត្តម បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃការបណ្តុះបណ្តាលនេះ ដែលរួមមាន៖ ទិសដៅយុទ្ធសាស្ត្រ ពង្រឹងសមត្ថភាពយុវជនឱ្យក្លាយជា វាគ្មិន និងឃោសនិកដ៏មុតស្រួច ដើម្បីយកចំណេះដឹងទៅផ្សព្វផ្សាយនៅមូលដ្ឋាន ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។
លើសពីនេះ ការប្តេជ្ញាចិត្ត និងការគាំទ្រ ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ព្រមទាំងជឿជាក់ឥតងាករេលើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ជាចុងក្រោយ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានអំពាវនាវដល់យុវជនទាំងអស់ឱ្យបន្តរួមសាមគ្គីគ្នា ការពារមរតកសន្តិភាព ជៀសវាងសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ស្មារតីកងទ័ពជួរមុខ និងបានជូនពរដល់អង្គពិធីទាំងមូលឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច៕

