ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Guangdong Huilun Technology Co.,Ltd នៅទីក្រុងក្វាងចូវ

 

ទីក្រុងក្វាងចូវ (ប្រទេសចិន) ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Guangdong Huilun Technology Co.,Ltd នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន Guangdong Huilun Technology Co.,Ltd ជាក្រុមហ៊ុនផលិត និងតម្លើងមនុស្សយន្ត សម្រាប់ការពារ និងប្រើប្រាស់ក្នុងវិស័យសន្តិសុខឯកជន ក៏ដូចជាក្នុងវិស័យសន្តិសុខសាធារណៈផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Zhang Aimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារអំពីការបង្កើតក្រុមហ៊ុន តាំងពីឆ្នាំ២០២២ លើការផលិត ការតម្លើងគ្រឿងបង្គុំ និងអត្ថប្រយោជន៍របស់មនុស្សយន្ត និងមានចក្ខុវិ័ស័យក្នុងការវិនិយោគនៅកម្ពុជា ក្នុងការតម្លើងគ្រឿងបង្គុំ និងផលិតមនុស្សយន្តផងដែរ។ លោក Zhang Aimin ក៏សូមស្វាគមន៍ចំពោះសិស្សានុសិស្ស និងសាស្ត្រាចារ្យ មកទទួលការបណ្តុះបណ្តាល និងស្រាវជ្រាវដកពិសោន៍លើវិស័យបច្ចេកវិទ្យាមនុស្សយន្ត ហើយអាចមកធ្វើការងារនៅក្រុមហ៊ុននេះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Zhang Aimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលបានទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការផលិត ការតម្លើងគ្រឿងបង្គុំ និងអត្ថប្រយោជន៍របស់មនុស្សយន្ត ក្នុងវិស័យសន្តិសុខ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី និងប្រតិភូ ក៏បានជូនពរសូមឲ្យក្រុមហ៊ុន ដំណើរការអាជីវកម្មទទួលបានជោគជ័យជាបន្តបន្ទាប់។
ជាចុងក្រោយភាគីទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *