(កំពង់ធំ)៖នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារចុះពិនិត្យជាក់ស្តែងនៅទីតាំងស្នើសុំដាក់លូរំដោះទឹកចំនួន ៣កន្លែង ស្ថិតក្នុងភូមិអូរដូង និងភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
សកម្មភាពនេះស្តែងឱ្យឃើញថា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង តែងតែយកចិត្តទុកដាក់ខ្ពស់ និងចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យបាននូវរាល់សុខទុក្ខ ក្ដីកង្វល់ សំណើ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន សំដៅឈានទៅរកការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

