(ព្រះវិហារ)៖នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង បានចាត់តំណាង លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការឃុំ នាំយកអំណោយជាគ្រឿងឧបភោគបរិភាគ សម្ភារ និងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ទៅប្រគល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដីនៅតំបន់ប្រាសាទព្រះវិហារ។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ ដែលបានឧបត្ថម្ភជូនវីរកងទ័ពឈរជើងនៅព្រំដែនចំនួន ២ទីតាំង រួមមាន៖ ថវិកា ៤,០០០,០០០ រៀល, ក្រមា ២០០, ទឹកត្រី និងទឹកស៊ីអ៊ីវ ៥០យួរ, ប៊ីចេង ៥០កញ្ចប់ និងត្រីខ ៥០យួរ។ ដោយឡែក អាជ្ញាធរឃុំ-ភូមិ យុវជន និងសប្បុរសជនក្នុងមូលដ្ឋាន ក៏បានរួមគ្នាបរិច្ចាគទឹកបរិសុទ្ធ ១,៥០០យួរ និងប្រេងម៉ាស៊ូត ៦០លីត្រ ជូនដល់កងអនុសេនាធំស៊ើបការណ៍ កងពលតូចអន្តរាគមន៍លេខ៨ នៅតំបន់ប្រាសាទព្រះវិហារផងដែរ។
សកម្មភាពប្រកបដោយទឹកចិត្តសប្បុរសធម៌នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ព្រមទាំងជាការលើកទឹកចិត្តយ៉ាងធំធេងដល់វីរកងទ័ព ក្នុងការបន្តបេសកកម្មបម្រើជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំជានិរន្តរ៍៕

