(ភ្នំពេញ)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។
សូមជម្រាបថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយសភាធម្មនុញ្ញបានអនុម័ត តាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរដែលបានក្រោកឈរឡើង ប្ដូរផ្ដាច់ រួបរួមគ្នា ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា អារ្យធម៌អង្គរដ៏បវរ និងកសាងប្រទេសជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។

