ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី១០០

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)​ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម ដោយផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ ១) ការរាយការណ៍ពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក, ការជំរុញបរិវត្តកម្មបច្ចេកវិទ្យាដើម្បីគាំទ្រដល់សមាជិក, និងការសហការនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, ២) គំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្រ្ត, ៣) ការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេស (Special Interest Group), និង ៤) ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ADFIAPសម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩។ ជាលទ្ធផល, ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផល ជាច្រើន ពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្ត, ការពង្រឹងសមត្ថភាពសមាជិក។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច​ តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាថ្មី សម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩ ដោយ​សម្លេង​ភាគ​ច្រើន​លេីស​លុប​ ដែលលទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកសមាគម ADFIAP ចំពោះភាពជាអ្នកដឹកនាំ​ និងប្តេជ្ញាចិត្តរបស់ ឯកឧត្តមបណ្ឌិត ក្នុងការជំរុញបេសកកម្មរបស់សមាគមប្រកបដោយចក្ខុវិស័យ។ គួរបញ្ជាក់ផងដែរថា សមាគម ADFIAP គឺជាថ្នាលនៃបណ្តាញស្ថានប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរួមចំណែក្នុងការ ជំរុញការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាបន្ន។ សមាគមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ ដែលបច្ចុប្បន្នមានសមាជិកមកពីជាង ៤៥ ប្រទេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *