ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​

 

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងអញ្ជើញនមសកា ព្រះរតនត្រ័យ សមាទានសីល ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស វីរយុទ្ធជនជួរមុខ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *