ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ១០ភូមិមានជាង ១ម៉ឺនក្បាលដី បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះ ជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តថែទាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ឯកឧត្ដម បញ្ជាក់ជូនប្រជាពលរដ្ឋថា គ្មានឪពុក ម្តាយ ណាម្នាក់ចង់ឱ្យកូនក្រីក្រនោះទេ។ ពេលនេះ ប្រពលរដ្ឋទាំងអស់គ្នាមិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកំសាន្ត ដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ ឯកឧត្ដម បានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម អភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូល និងប្រឡាយទឹក។
ក្នុងឱកាសនោះលោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ បានថ្លែងថា ដោយសារទីតាំងខាងលើមិនមានការពង្រីកព្រលានយន្តហោះទៀតទើប រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ ចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលឆ្កៀលជូនប្រជាពលរដ្ឋនេះមានចំនួន១១៣២១ប័ណ្ណ។
ចំណែកលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឱ្យដឹងថា ដីខាងលើនេះ ជាដីដែលបានបង្កកយូរហើយ ហើយថ្មីៗ ត្រូវបាន រាជរដ្ឋាភិបាល សម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

