(ភ្នំពេញ )៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំងប្រាំ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៩ចំណុច ដើម្បីយកទៅអនុវត្ត រួមមាន៖
១. ពង្រឹងការអនុវត្តនីតិវិធី និងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ព្រមទាំងការគ្រប់គ្រងជនជាប់ឃុំមុខសញ្ញាសំខាន់ៗ។
២. ពង្រឹងការងារសន្តិសុខរូបវន្ត សន្តិសុខចលករ និងសន្តិសុខអចលករ ហេដ្ឋារចនាសម្ព័ន្ធឃុំឃាំង។
៣. ពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យ ការគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ អំពីសាវតារជាតិ ឬអត្តសញ្ញាណជនជាប់ឃុំជាពិសេស ជនបរទេស ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងផ្នែកអន្តោប្រវេសន៍។
៤. ជនជាប់ឃុំចូលថ្មី ត្រូវពិនិត្យសុខភាព និងចុះកំណត់ត្រាអំពីស្ថានភាពសុខភាពឱ្យបានច្បាស់លាស់។
៥. ពង្រឹងប្រសិទ្ធភាពសេវាសុខភាព និងការគ្រប់គ្រងជំងឺឆ្លង ផ្តាសាយ កមរមាស់ គ្រុនឈាម និងជំងឺផ្សេងៗ។
៦. ការបញ្ជូនជនជាប់ឃុំទៅមន្ទីរពេទ្យខាងក្រៅ ឬករណីសង្គ្រោះបន្ទាន់ ត្រូវមានចំណាត់ការរហ័សទាន់ពេលវេលា។
៧. សហការឱ្យបានជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងអង្គការដៃគូជាតិ និងអន្តរជាតិ ដើម្បីបន្តកិច្ចគាំទ្រសកម្មភាពការងារពន្ធនាគារ។
៨. ពង្រឹងការងារធនធានមនុស្ស មន្ត្រីម្នាក់ៗត្រូវយល់ដឹងឱ្យបានច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន។
៩. ត្រូវមានការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងតម្រង់ទិស ដឹកនាំអនុវត្តការងារ ដោយមានរបបប្រជុំពង្រឹងរបៀបរបបការងារជាប្រចាំ៕

