រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយការងារអគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី ៖ សកម្មភាពថ្នាក់ដឹកនាំ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធី ការងារសន្តិសុខពន្ធនាគារ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការងារសុខភាពពន្ធនាគារ ការងារសំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល អគ្គនាយកដ្ឋានពន្ធនាគារ និងបន្តជំរុញដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យអនុវត្តការងារដែលនៅសេសសល់ រួមទាំងការងារថ្មីៗ សម្រាប់អនុវត្តឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖
១. អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
២. ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ជាពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន និងការប្រព្រឹត្តបទល្មើសក្នុងពន្ធនាគារ
៣. ជំរុញលើកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ និងការរៀបចំបែងចែកការឃុំឃាំងស្របតាមចំណាត់ថ្នាក់សន្តិសុខ ស្របតាមបែបបទ នីតិវិធី
៤. ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន ក្របខណ្ឌ និងការបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ
៥. ត្រូវបន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធជាពិសេស ការធ្វើបច្ចុប្បន្នភាពនីតិវិធីពន្ធនាគារ បម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។

