ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

 

(ភ្នំពេញ)៖នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យចូលរួមផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញបន្តយកចិត្តទុកដាក់ចំពោះការចុះបញ្ជី និងជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងចុះត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋតាមបណ្ដាខេត្តឱ្យបានត្រឹមត្រូវ។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក បានស្នើឱ្យនាយកដ្ឋានស្ថាបនានិងវិស្វកម្ម បន្តសហការការងារសាងសង់អគារអគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ព្រមទាំងពន្លឿនការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យបានទាន់ពេលវេលាតាមផែនការ។ ជាងនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានស្នើឱ្យនាយកដ្ឋានសុខាភិបាល បន្តយកចិត្តទុកដាក់ថែរក្សាគុណភាព និងពិនិត្យសុពលភាពឱសថឱ្យបានត្រឹមត្រូវ។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំដល់មន្រ្តីនគរបាលរបស់អគ្គនាយកដ្ឋានទាំងអស់ ត្រូវពង្រឹងអនុវត្តតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តសាមគ្គីភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលការងារជូនអង្គភាព និងក្រសួងមហាផ្ទៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *