(ភ្នំពេញ)៖នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង បើកកិច្ចប្រជុំពិភាក្សាការងារសិក្សាគ្រោងប្លង់លម្អិត ជាមួយទីប្រឹក្សាបច្ចេកទេស ស្តីពីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តទន្លេមេគង្គភាគខាងកើត (KHM-38)ដែលទទួលហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ (EDCF)។
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើភាពខុសគ្នារវាងការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study-FS) និងលទ្ធផលនៃការសិក្សាគ្រោងប្លង់លម្អិត (Detailed Design-DD) ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបាននិងកំពុងសិក្សាស្រាវជ្រាវឃើញ។
បន្ទាប់ពីបានផ្លាស់ប្តូរមតិ និងពិភាក្សាយ៉ាងល្អិតល្អន់លើភាពខុសគ្នាបន្តិចបន្តួចផ្នែកលក្ខណៈបច្ចេកទេសរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង EDCF ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ និងពិភាក្សាជាមួយក្រុមទីប្រឹក្សាទាំងពីរភាគី (SF និង DD) ដើម្បីរួមគ្នាកែសម្រួលរាល់ចំណុចខ្វះខាត ព្រមទាំងជំរុញការអនុវត្តការងារឱ្យបានឆាប់រហ័ស ស្របតាមកាលវិភាគដែលបានកំណត់ក្នុងកិច្ចសន្យា៕

