រដ្ឋលេខាធិការ ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ខេត្តបាត់ដំបង ព្រមទាំងណែនាំឱ្យប្រតិបត្តិការបិទ-បើកទ្វារទឹក ដើម្បីកាត់បន្ថយហានិភ័យជំនន់ទឹកភ្លៀង

 

​​(បាត់ដំបង)៖នាថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យជាក់ស្តែងនូវស្ថានភាពទឹកស្ទឹងសង្កែ នៅសំណង់ស្ទាក់ទឹកទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្ទឹងមង្គលបូរី នៅសំណង់ទំនប់បង្ហៀរ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។

​យោងតាមការបញ្ជាក់ពីក្រុមការងារបច្ចេកទេស ដោយសារមានភ្លៀងធ្លាក់ក្នុងបរិមាណកម្រិតខ្ពស់ចាប់ពី ៨០ មីលីម៉ែត្រឡើងទៅ ជាប់ៗគ្នាជាច្រើនថ្ងៃនៅតំបន់ទីជម្រាល និងក្នុងតំបន់ផ្ទាល់ បានបង្កឱ្យកម្ពស់ទឹកស្ទឹងទាំងពីរហក់ឡើងលើសកម្រិតប្រុងប្រយ័ត្ន ក្នុងនោះ៖ ​ទី១) ស្ទឹងសង្កែ៖ កម្ពស់ទឹកបានកើនឡើងដល់ ១៤,០០ ម៉ែត្រ កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នគឺ ១៣,៧០ ម៉ែត្រ។ ​ទី២) ស្ទឹងមង្គលបូរី៖ កម្ពស់ទឹកបានកើនឡើងដល់ ៣១,២៦ ម៉ែត្រ កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នគឺ ៣១,០០ ម៉ែត្រ។

​ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា ស្ថានភាពកើនឡើងនៃកម្ពស់ទឹកនេះ បាននិងកំពុងបង្កឱ្យមានហានិភ័យនៃការប៉ះពាល់ និងលិចលង់នៅតាមតំបន់ទំនាបមួយចំនួនតាមដងស្ទឹង ជាពិសេសផ្នែកខាងក្រោមស្ទឹងសង្កែ ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង និងផ្នែកខាងក្រោមស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

​​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំប្រតិបត្តិការបិទ-បើកទ្វារទឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងរំដោះទឹកជំនន់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ ការខូចខាតទ្រព្យសម្បត្តិ និងគ្រោះមហន្តរាយផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *