លោក ផាង វី អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងស្ទោង ទំនប់អាងទឹក៣០កញ្ញា និងប្រព័ន្ធប្រឡាយនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

 

​(កំពង់ធំ)៖នាថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងស្ទោងរហូតដល់ប្រឡាយបត់ត្រង់ និងពិនិត្យសុវត្ថិភាពទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

​លោក ផាង វី បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងធ្លាក់បន្តបន្ទាប់នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ក៏ដូចជាក្នុងស្រុកស្ទោង ដែលជាហេតុបណ្ដាលឱ្យទឹកក្នុងអាងទំនប់៣០កញ្ញាមានការហក់ឡើងខ្ពស់។ សូមបញ្ជាក់ផងដែរថាសំណង់បង្ហៀរ ៣០កញ្ញា ដែលមានប្រវែង ២៦០ម៉ែត្រ បច្ចុប្បន្នទឹកបានហូរលើសំណង់បង្ហៀរក្នុងកម្ពស់ ០,៦ម៉ែត្រ ហើយសំណង់បង្ហៀរអាច​ដោះទឹកពី ៤០០ ទៅ ៤៥០ម៉ែត្រគូបក្នុងមួយវិនាទី។

​ក្នុងឱកាសនោះ លោក ផាង វី និងក្រុមការងារ បានបន្ដចុះពិនិត្យ និងតាមដានស្ថានភាពទឹកនៅតាមសណ្ដស្ទឹងស្ទោង រហូតដល់ប្រឡាយបត់ត្រង់។ លោកបានបញ្ជាក់បន្ថែមថា នៅចំណុចប្រឡាយបត់ត្រង់មានទ្វារទឹកចំនួន ៨ទ្វារ ហើយបច្ចុប្បន្នក្រុមការងារបានបើកទ្វារទឹកទាំង ៨ទ្វារ ដើម្បីជួយពន្លឿនការរំដោះទឹកឱ្យហូរទៅបឹងទន្លេសាប។ ប្រសិនបើនៅផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ កម្ពស់ទឹកនឹងចាប់ផ្តើមស្រកចុះទៅវិញ។

​ជាមួយគ្នានេះ លោក ផាង វី បានណែនាំដល់ក្រុមការងារប្រចាំការតាមទំនប់ និងអាងទឹក ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទំនប់ ដោយចុះត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង។ បន្ថែមពីនេះ ត្រូវគ្រប់គ្រងការបិទ-បើកទ្វារទឹកតាមបទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសការលិចលង់ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង និងត្រៀមលក្ខណៈគ្រឿងចក្រអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍កើតឡើងជាយថាហេតុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *