រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបបិទវគ្គបណ្តុះបណ្តាល ស្ដីពីសន្តិសុខពន្ធនាគារ ផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខ ដូចជាសកម្មភាពខុសច្បាប់នានានៅក្នុងពន្ធនាគារ។
ពិធីនេះ គ៏មានការចូលរួមពីភារធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា មន្រ្តីទទួលបន្ទុកកម្មវិធីទប់ស្កាត់បទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC-ROSEAP) និងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ អនុប្រធាននាយកដ្ឋាន អនុប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានពន្ធនាគាររាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & ម៉ូន (SUN & MOON)។
នាឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដោះស្រាយនូវ សំណូមពរ ឆ្លើយតបចំពោះបញ្ហាប្រឈម និងតម្រូវការចម្បងជាអាទិភាព ទាំងហេដ្ឋារចនាសម្ព័ន្ធ ឃុំឃាំង ក្របខ័ណ្ឌមន្ត្រី មធ្យោបាយ សម្ភារសន្តិសុខ សំដៅលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ និង ការគ្រប់គ្រងជនជាប់ឃុំតាមបទដ្ឋានដែលធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ព្រមទាំងការងារជាសារវន្តក្នុងការស្តារនីតិសម្បទាជនជាប់ឃុំ ជាក់ស្តែង ការដាក់ឱ្យដំណើរការងារ មណ្ឌលអប់រំកែប្រែទី៥ ពន្ធនាគារថ្មីរាជធានីភ្នំពេញ ពន្ធនាគារខេត្តកែប និងពិនិត្យគម្រោងសាងសង់ អគារឃុំពង្រីកលទ្ធភាពផ្ទុកនៅគោលដៅពន្ធនាគារមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល នៃពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានផ្តាំផ្ញើមួយចំនួន ជាការណែនាំក្រើនរំលឹក មានដូចខាងក្រោម ៖
១ សូមមន្ត្រីជាសិក្ខាកាមដែលទើបបញ្ចប់វគ្គសិក្សានៅទីនេះ ត្រូវយកចំណេះ ជំនាញ ទាំងទ្រឹស្តី និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ យកទៅអនុវត្តឱ្យក្លាយជាសកម្មភាពជាក់ស្តែង និងចំគោលដៅការងារជាសមត្ថកិច្ចខ្លួន
២ ត្រូវធ្វើជាសេនាធិការជូនប្រធានអង្គភាពក្នុងការផ្តួចផ្តើម ប្រមូលផ្តុំចងក្រងឯកសារ នៃវគ្គបណ្តុះបណ្តាលនេះ ដែលជាទស្សនទានថ្មីៗ ព្រមជាមួយឯកសារច្បាប់ និងលិខិត បទដ្ឋានគតិយុត្តដែលមាន ដើម្បីរៀបចំជាឯកសារសម្រាប់ធ្វើការបណ្តុះបណ្តាលផ្ទៃក្នុង
៣ ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែម ធ្វើការបន្សំគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងធ្វើការចែករំលែក ឬផ្សព្វផ្សាយអនុវត្តឱ្យបានទូលំទូលាយដល់មន្ត្រីរួមការងារ
៤ ពិនិត្យកែលម្អចំណុចខ្វះខាត ឬភាពឆកល្វែង ដោយបំពេញបន្ថែមនូវវិធីសាស្ត្រថ្មីៗ ក្នុងការដឹកនាំអនុវត្ត ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារឱ្យបានកាន់តែ ល្អប្រសើរឡើង និងធានាបានប្រសិទ្ធភាពខ្ពស់
៥ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វីជ្ជាជីវៈ ឬមនសិការវិជ្ជាជីវៈ «វប្បធម៌គុណភាព» និង ត្រូវចាត់ទុកថា ការពង្រឹងលើកកម្ពស់សមត្ថភាពជំនាញ ជាការងារដែលត្រូវធ្វើជាប្រចាំ និង មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខ្លួនរបស់មន្ត្រីបន្តវេនគ្រប់រូប
៦ ទន្ទឹមនឹងការពង្រឹងភាពជាអ្នកដឹកនាំអនុវត្ត និងទំទុកចិត្តការងារ ក៏ត្រូវរក្សាឱ្យបាន នូវថាមពលទាំងផ្លូវចិត្តផ្លូវកាយ ត្រូវធ្វើលំហាត់ប្រាណ លេងកីឡា ពង្រឹងកាយសម្បទា ឱ្យមានភាពរឹងមាំ ស្វាហាប់ ជាមន្ត្រីប្រកបដោយសក្តានុពល៕

