លោក សាយ វណ្ណៈ ជួបសំណេះសំណាលជាមួយនាយកសាលាទូទាំងស្រុកបាទី ដោយផ្តោតលើអនាម័យ បរិស្ថាន សុវត្ថិភាពចំណីអាហារ និងការតម្រង់ទិសសិក្សារបស់សិស្ស

 

(តាកែវ) នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង និងតំណាងសាលារៀនទាំង ៦៦ ក្នុងស្រុកបាទី។ ជំនួបនេះជាលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែងជាអភិបាលស្រុកអស់រយៈពេលជិតមួយឆមាស។

កិច្ចជំនួបនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ប្រធានការិយាល័យពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំសាលារៀនទូទាំងស្រុក។

ក្នុងឱកាសនេះ លោកអភិបាលស្រុកបានស្នើឱ្យថ្នាក់ដឹកនាំសាលារៀនយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ បរិស្ថានស្អាត ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាពចំណីអាហារទាំងក្នុង និងជុំវិញបរិវេណសាលារៀន ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយអនាម័យ សុវត្ថិភាព និងភាពកក់ក្តៅ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានជំរុញឱ្យគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាល ចូលរួមណែនាំ និងតម្រង់ទិសសិស្សានុសិស្សឱ្យមានគោលដៅសិក្សាច្បាស់លាស់ ជាពិសេសការជ្រើសរើសមុខជំនាញនៅកម្រិតឧត្តមសិក្សា ឱ្យស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារនាពេលអនាគត។

ជំនួបនេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក និងវិស័យអប់រំ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ បរិស្ថានសិក្សា និងការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *