អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សជ័យលាភីនិទ្ទេស A សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

 

(ភ្នំពេញ )៖ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរចំពោះកូនក្មួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A មកពីគ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្តតាកែវ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ក្នុងឱកាសដ៏ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមោទនភាពនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកគ្រូ អ្នកគ្រូ និងលោកនាយក លោកនាយិការទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការផ្ទេរចំណេះដឹង និងអប់រំទូន្មានប្រៀនប្រដៅដល់កូនក្មួយសិស្សានុសិស្សដោយមិននឿយហត់។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវការគោរពកោតសរសើរជាពិសេសចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជ្រោមជ្រែងគ្រប់បែប យ៉ាង ទាំងផ្នែកស្មារតី និងជីវភាព រហូតជំរុញឲ្យបុត្រធីតាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ពិធីជួបជុំពិសារអាហារសាមគ្គីនាពេលនេះ មិនត្រឹមតែជាការអបអរសាទរ ចំពោះផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនក្មួយសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏វិសេសវិសាលក្នុងការរឹតចំណង សាមគ្គីភាព ការសម្តែងនូវការដឹងគុណចំពោះគុណូបការៈរបស់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាកម្លាំងពលកម្មប្រកបដោយសមត្ថភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តតាកែវ ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *