រដ្ឋលេខាធិការ ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការសិក្សាគ្រោងប្លង់លម្អិត នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តទន្លេមេគង្គភាគខាងកើត (KHM-38)

 

(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង បើកកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ស្តីពីការសិក្សាគ្រោងប្លង់លម្អិត នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តទន្លេមេគង្គភាគខាងកើត (KHM-38) នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា ការរៀបចំកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗឱ្យបានច្បាស់លាស់ សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមផែនការ ព្រមទាំងកាលវិភាគដែលបានកំណត់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យប្រៀបធៀបភាពខុសគ្នា និងភាពស្របគ្នារវាងលទ្ធផលសិក្សាសមិទ្ធលទ្ធភាព (Feasibility Study – FS) និងលទ្ធផលសិក្សាគ្រោងប្លង់លម្អិត (Detailed Design – DD) របស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីស្វែងរកមូលហេតុ វាយតម្លៃដំណោះស្រាយបច្ចេកទេស និងធានាថាគ្រោងប្លង់លម្អិតមានភាពត្រឹមត្រូវ សមស្រប និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពជាក់ស្តែងរបស់គម្រោង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *