ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា”

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។ វេទិកានេះ មិនមែនគ្រាន់តែជាវេទិកាធុរកិច្ចអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសហប្រតិបត្តិការដ៏សំខាន់ ដែលតភ្ជាប់គោលនយោបាយរដ្ឋាភិបាល ដើមទុនសកល ធនធានឧស្សាហកម្ម និងឱកាសធ្វើធុរកិច្ចឆ្លងដែន។ វេទិកានេះផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គោលនយោបាយវិនិយោគ ការលើកកម្ពស់ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អបរិយាកាសនៃការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគទាំងឡាយ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច និងគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីកែលម្អបរិយាកាសធុរកិច្ចនេះ មានដូចជា៖ ការលើកទឹកចិត្តផ្នែកពន្ធដារ និងគោលនយោបាយវិនិយោគ, ការកែទម្រង់នីតិវិធី និងបរិវត្តកម្មឌីជីថល, ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (MSMEs) និងផលិតផលក្នុងស្រុក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទីផ្សារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *