(តាកែវ)៖នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពអាងទឹកទន្លេបាទី ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ប្រឡាយហនុមាន ព្រមទាំងប្រព័ន្ធប្រឡាយនានា នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
សូមជម្រាបថា អាងទឹកទន្លេបាទី ស្ថិតនៅព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ អាងទឹកនេះ ទទួលប្រភពទឹកពីអាងស្ទឹងព្រែកត្នោត តាមរយៈស្ទឹងតូច ប្រឡាយ៧៨ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់។ អាងទឹកទន្លេបាទី មានផ្ទៃអាងសរុបចំនួន ៣២០ ហិកតា និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ១៣ លានម៉ែត្រគូប ដែលអាចស្រោចស្រពផ្ទៃដីស្រូវវស្សាប្រមាណ ៥ ៥០០ ហិកតា និងស្រូវប្រាំងប្រមាណ ៤ ៤០០ ហិកតា ជាពិសេសផ្ទៃដីបង្កបង្កើនផលនៅតាមបណ្តោយប្រឡាយហនុមាន។ បច្ចុប្បន្ន បរិមាណទឹកក្នុងអាងទន្លេបាទីមានប្រមាណ ១០ លានម៉ែត្រគូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ក្រុមការងារអំពីបាតុភូតអែលនីញ៉ូ (El Niño) ដែលបន្តមានឥទ្ធិពលមកលើប្រទេសកម្ពុជា ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង និងកម្ដៅកើនឡើង ដែលទាមទារឱ្យបន្តពង្រឹងការគ្រប់គ្រងប្រភពទឹកឱ្យបានល្អ ព្រមទាំងរៀបចំផែនការប្រើប្រាស់ និងបែងចែកទឹកឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើប្រតិបត្តិការបិទបើកទ្វារទឹកទៅតាមបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕



