លោក ថាំង វីយុទ្ធដា ចាត់តាំងក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដឹកនាំប្រជាពលរដ្ឋទស្សនា «សំណង់ស្ទាក់ទឹកបន្ទាយស្ទោង» ដែលជាសមិទ្ធផលថ្មីបម្រើវិស័យកសិកម្ម និងទេសចរណ៍មូលដ្ឋាន

 

(កំពង់ធំ)៖នារសៀលថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារ ដឹកនាំបងប្អូនប្រជាពលរដ្ឋមកពីភូមិរលួស និងភូមិតាម៉ើ ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ដោយផ្ទាល់អំពីវឌ្ឍនភាព និងសារៈសំខាន់នៃ «សំណង់ស្ទាក់ទឹកបន្ទាយស្ទោង» ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាល ប្រជាពលរដ្ឋដែលបានចូលរួមទស្សនា បានសម្តែងនូវក្តីរំភើប និងមោទនភាពចំពោះសមិទ្ធផលថ្មីនេះ ដែលបានប្រែក្លាយមូលដ្ឋានរបស់ខ្លួនឱ្យទៅជាកន្លែងលំហែកាយ និងផ្តិតយករូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ ពលរដ្ឋក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានប្តេជ្ញារួមគ្នាថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង។

សំណង់ស្ទាក់ទឹកបន្ទាយស្ទោង គឺជាហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដ៏សំខាន់នៅផ្នែកខាងក្រោមនៃដងស្ទឹងស្ទោង បន្ទាប់ពីទំនប់អាងទឹក៣០កញ្ញា និងសំណង់ស្ទាក់ទឹកបត់ត្រង់។ សំណង់នេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋក្នុងមូលដ្ឋាន រួមមាន៖ ការស្រោចស្រពដំណាំ ការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងចិញ្ចឹមសត្វ ការប្រើខ្នងទំនប់ និងភ្លឺប្រឡាយជាផ្លូវដឹកកសិផល ការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ ព្រមទាំងជាកន្លែងទេសចរណ៍ និងលំហែកាយដ៏ស្រស់ត្រកាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *