ឯកឧត្តម អ៊ុក ពញ្ញា ដឹកនាំកិច្ចប្រជុំ “ពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ”

 

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ពញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុប្រធានប្រចាំការ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រីប្រធាន អនុប្រធានផែន និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ សរុប ៤០រូប។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងលើកទិសដៅការងារបន្ត ដែលបានរាយការណ៍ដោយលោក ប៊ុន ចាន់ ប្រធានលេខាធិការដ្ឋាន ដោយឥបង្ហាញអំពីសកម្មភាពនៃការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស អំពីចំណុចខ្លាំង បញ្ហាប្រឈម និងការដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ដរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាននៅកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យបន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា “សន្តិភាព”ឱ្យបានគង់វង្សជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ និងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឱ្យការអនុវត្តការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ កាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *