លោក ថាំង វីយុទ្ធដា ដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយមេគ្រួសារបក្សតាមខ្នងផ្ទះ ជាលើកទី៦ នៅភូមិតាម៉ើ និងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

 

(កំពង់ធំ)៖នៅព្រឹកថ្ងៃសៅរ៍ ៤ រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សតាមខ្នងផ្ទះដោយផ្ទាល់ នៅភូមិតាម៉ើ និងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសចុះជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាមេគ្រួសារបក្សនោះ លោក ថាំង វីយុទ្ធដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនចំពោះ លោក លោកស្រី ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំបន្ទាយស្ទោងទាំងអស់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាគណបក្សឃុំបន្ទាយស្ទោង សរុបប្រមាណ ១៧០ នាក់។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានណែនាំដល់ក្រុមការងារគ្រប់ភូមិទាំងអស់ ឱ្យបន្តចុះពិនិត្យ និងជំរុញតាមខ្នងផ្ទះរបស់សមាជិកបក្ស ដែលមានសមាជិកគ្រួសារគ្រប់អាយុ ១៨ ឆ្នាំឡើង និងអ្នកដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឱ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់រូប។ ទន្ទឹមនឹងនេះ លោកបានក្រើនរំឭកដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលត្រូវកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់អញ្ជើញទៅបំពេញបែបបទឱ្យបានទាន់ពេលវេលា ខណៈដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នៅសល់រយៈពេលតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *