ឯកឧត្តម ឈា ប៊ុនរិទ្ធ ចាត់ក្រុមការងារចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ ២០០នាក់

 

(កំពង់ធំ)៖នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តំណាង លោក តាំង សុផាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សក្នុងភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សរុបប្រមាណ ២០០នាក់។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងស្តាប់ដោយផ្ទាល់នូវក្តីកង្វល់ សំណូមពរ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះនៅមូលដ្ឋាន ដើម្បីយកមកពិនិត្យ សម្របសម្រួល និងដាក់ចេញនូវវិធានការដោះស្រាយជូនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្ស។

ក្នុងពិធីនោះ លោក តាំង សុផាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ព្រមទាំងសំណូមពរឱ្យបងប្អូនបន្តរួមគ្នាថែរក្សាសមិទ្ធផលនានាក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីឱ្យបានគង់វង្ស។ ជាមួយគ្នានេះ ក្រុមការងារក៏បានថ្លែងអំណរគុណដល់សមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ៥៥ថ្ងៃកន្លងមកនេះ ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឧបត្ថម្ភជូនមេគ្រួសារបក្សទាំង ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ ០០០រៀល ក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *