(កំពង់ធំ)៖នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ និងគណបក្សស្រុកគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្ទោងជាច្រើនរូប។
#អរគុណសន្ដិតភាព #peaceofcambodia #ហ៊ុនម៉ាណែត #cambodia #Hunmanet #កម្ពុជា #ហ៊ុនសែន #HunSen #CambodiaNews #kampongthom #ខេត្តកំពង់ធំ #ស្រុកស្ទោង
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់នៅទូទាំងស្រុកស្ទោង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយ ចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំ ជួយឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជននៅសមរភូមិមុខ ដល់ជនភៀសសឹក និងប្រជាជនដែលទទួលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលវេលាសំខាន់ណាស់ គណៈអចិន្ត្រៃយ៍គណបក្សស្រុក ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារនៅទីស្នាក់ការគណបក្សស្រុក ដើម្បីធ្វើជាសេនាធិការក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានា និងសកម្មភាពអនុវត្តផែនការរួមទៅតាមប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបំពេញទៅតាមនីតិវិធី និងស្របតាមលក្ខខណ្ឌចែងនៃមាត្រាទី៣៥ថ្មីនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកគណបក្សទាំងអស់ នឹងបន្តពង្រឹង ព្រមទាំងប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ខាងមុខនេះ៕

