លោក ផាង វី នាំយកស៊ីម៉ង់ត៍ និងឥដ្ឋ ដែលជាការឧបត្ថម្ភរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង

 

(កំពង់ធំ)៖នារសៀលថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារនាំយកស៊ីម៉ង់ត៍ និងឥដ្ឋ ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ស្ថិតក្នុងភូមិសាស្ត្រភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះ លោកប្រធានក្រុមការងារ បានពាំនាំនូវសេចក្ដីសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ព្រមទាំងបាននាំយកស៊ីម៉ង់ត៍ចំនួន ៥តោន និងឥដ្ឋជាង ៨,០០០ដុំ ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សាក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកប្រធានបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងកងកម្លាំងសរុប ២៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល និងសិស្សានុសិស្ស ៩៥នាក់ ក្នុងម្នាក់ៗទទួលបាន ៥,០០០រៀលផងដែរ។

ក្រៅពីនេះ ក្រុមការងារក៏បានពិនិត្យ និងដោះស្រាយរាល់សំណូមពរចាំបាច់របស់ពលរដ្ឋតាមភូមិនីមួយៗ រួមមាន៖ ការស្ថាបនានិងជួសជុលផ្លូវលំ សាងសង់បន្ទប់ទឹកសាលាឆទាន បំពាក់អំពូលសូឡាបំភ្លឺផ្លូវ និងឧបត្ថម្ភអង្ករដល់គ្រួសារខ្វះខាត។ សកម្មភាពចុះជួយផ្ទាល់ និងទាន់ពេលវេលានេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *