លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវាយតម្លៃទីតាំងបាក់ស្រុតស្លាបសំណង់ទ្វារទឹកទំនប់កែប្រែ ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

 

(កំពង់ចាម)៖នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្តែងដែលបានបាក់ស្រុតស្លាបផ្នែកខាងមុខនៃសំណង់ទ្វារទឹកទំនប់កែប្រែ ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក្រោយពីបានពិនិត្យជាក់ស្តែង បានបញ្ជាក់ថា មូលហេតុនៃការបាក់ស្រុតគឺបណ្តាលមកពីការពង្រីកតួផ្លូវបេតុងនៅជិតទីតាំងសំណង់ទ្វារទឹក ប៉ុន្តែពុំបានពង្រីក និងបង្ហាប់ជើងទេរឱ្យមានសភាពរឹងមាំ ទើបធ្វើឱ្យទឹកភ្លៀងហូរច្រោះបាក់ដីបែបនេះ។ ទន្ទឹមនឹងនេះ ទំនប់ និងទ្វារទឹកនេះត្រូវបានសាងសង់យូរយារណាស់មកហើយ និងពុំទាន់ធ្លាប់ទទួលបានការជួសជុលឡើយ ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ជាហេតុធ្វើឱ្យមិនអាចតម្កល់ទឹកទុកបានច្រើន ប្រឈមក្នុងការបើក-បិទទ្វារទឹក និងអាចឈានដល់ការដាច់សន្ទះទ្វារទឹកទៀតផង។

យោងតាមការពិនិត្យជាក់ស្តែង លោក ថាំង វីយុទ្ធដា ក៏បានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យធ្វើការបង្កបង្កើនផលស្រូវចំនួនតែ ១លើកប៉ុណ្ណោះ (ខណៈដែលធ្លាប់ធ្វើចំនួន ២លើកជាប្រចាំ) ដោយសារមូលហេតុទំនប់នេះពុំអាចបិទទ្វារតម្កល់ទឹកលើសពីកម្រិតនេះបានទេ គឺបានត្រឹមតួសំណង់ប៉ុណ្ណោះ។

ចំពោះមុខសភាពការណ៍ជាក់ស្តែង ទំនប់នេះតម្រូវឱ្យមានការជួសជុលកែលម្អឡើងវិញឱ្យបានរឹងមាំនៅដើមឆ្នាំ២០២៧ ខាងមុខនេះ ទើបអាចធានាការរក្សាកម្រិតទឹកសម្រាប់ស្រោចស្រពពី ២ ទៅ ៣ដង ក្នុង១ឆ្នាំ។ ជាមួយគ្នានេះ ទំនប់ទឹកកែប្រែនេះអាចស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានផ្ទៃដីសម្រាប់ស្រោចស្រពប្រមាណ ១ ០៨៣ហិកតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *