(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សចំនួន ៦៣នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងឃុំកំពង់ចិនជើង។
ក្នុងឱកាសនោះ ក្រុមការងារគណបក្សចុះមូលដ្ឋាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់សិស្សានុសិស្សទាំងអស់។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់សិស្សានុសិស្សសម្រាប់ទ្រទ្រង់ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និងអាហារូបត្ថម្ភ ពេលត្រូវធ្វើដំណើរទៅប្រឡងដល់ក្រុងស្ទឹងសែន។ ការឧបត្ថម្ភនេះ គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់អាណាព្យាបាល ពិសេសជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។
សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០២៥-២០២៦ ខណៈលទ្ធផលនៃការប្រឡងគ្រោងនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕

