លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរដំឡូង ក្នុងខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៦៥%

 

(បន្ទាយមានជ័យ)៖ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរដំឡូង ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៦ ការស្តារអូរដំឡូង និងការសាងសង់សំណង់សិល្បការ្យចំនួន ១០កន្លែង ដែលទទួលទឹកពីភ្នំខ្លែងពណ៌ និងទឹកក្រោមដី គឺសម្រេចបានប្រមាណ ៦៥% នៃគម្រោងទាំងមូល។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំបន្លែចំនួន ១៥០ហិកតា និងផ្តល់ទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៦ភូមិ ស្មើនឹង ១ ៦៣៥គ្រួសារ (សមាជិក ៨ ១៧៥នាក់ ស្រី ៤ ៤៩៦នាក់) ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោកប្រធានបានសង្កត់ធ្ងន់ឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ព្រមទាំងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *