ឯកឧត្តម ឈា ប៊ុនរិទ្ធ ចាត់តាំងក្រុមការងារចុះជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប ចំនួន ៤៨នាក់ ក្នុងឃុំម្សាក្រង

 

​(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សចំនួន ៤៨នាក់ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងឃុំម្សាក្រង។

​ក្នុងឱកាសនោះ ក្រុមការងារគណបក្សចុះមូលដ្ឋាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនដល់សិស្សានុសិស្សទាំងអស់ ព្រមទាំងបានកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រនាពេលកន្លងមក។

​ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់សិស្សានុសិស្ស ដើម្បីទ្រទ្រង់ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និងហូបចុកក្នុងអំឡុងពេលប្រឡង ដែលការឧបត្ថម្ភនេះ គឺដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់អាណាព្យាបាល ជាពិសេសជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។

​បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើ ក្រុមការងារក៏បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារកងទ័ពរស់នៅភូមិសំបួរជើង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងនោះដែរ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ចំនួន ១,០០០,០០០ (មួយលាន) រៀល ជូនដល់គ្រួសារកងទ័ព ដើម្បីជួយសម្រាលទុក្ខធុរៈ និងបន្ទុកសេដ្ឋកិច្ចគ្រួសារផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *