(ភ្នំពេញ)៖នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកពិព័រណ៍វត្តភ្នំ«Wat Phnom Fair » ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ GX Summit ២០២៦ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿងនៃរាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើតឡើងនៃរាជធានីភ្នំពេញ តាំងពីឆ្នាំ១៤៣៤ និងអ្វីដែលបានកើតឡើងចំពោះទីក្រុងមួយនេះ ដោយឯកឧត្ដម បញ្ជាក់ថា ទីក្រុងភ្នំពេញ បានទទួលភាពជូចត់ជាច្រើន ពិសេស ក្នុងរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ គ្មានអ្វីទាំងអស់។ ឯកឧត្ដមបានបន្តទៀតថា ការរៀបចំពិព័រណ៌វត្តភ្នំនាពេលនេះ គឺបានធ្វើឱ្យភ្ញៀវទេសចរទាំងអស់មានឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រើនដែលបានរៀបចំឡើងនាពេលនេះ ដែលរួមមាន ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈបុរាណ ការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ការរាំវង់ ការភ្លក់ម្ហូបអាហារ ព្រមទាំងសកម្មភាពទស្សនីយភាពជាច្រើនផ្សេងៗទៀតយ៉ាងសម្បូរបែប។
សូមជម្រាបជូនដែរថា ពិព័រណ៍វត្តភ្នំ«Wat Phnom Fair »” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ គឺមានការរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន G Adventures ដែលបានរៀបចំពិព័រណ៍នេះឡើង ដោយមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រមាណ ៧០០នាក់ ក្នុងភាពសប្បាយរីករាយ និងមានទំនុកចិត្តខ្ពស់។ ពិព័រណ៍វត្តភ្នំ «Wat Phnom Fair »គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រេីននៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដោយព្រឹត្តិការណ៍នេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាច្រេីនមកទស្សនាប្រទេសកម្ពុជា ជាពិសេសមានឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់កម្ពុជា តាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រេីនរួមមានការលែងល្បៃងប្រជាប្រិយ ការសម្ដែងសិល្បៈបុរាណ ការរាំវង់ និងការភ្លក់ម្ហូបអាហារខ្មែរជាច្រេីនសម្បូរបែបទៀត។
បន្ថែមលេីសពីនេះ ជាមួយនឹងការរៀបចំក្នុងពិធីបើកពិព័រណ៍វត្តភ្នំពិព័រណ៍វត្តភ្នំ«Wat Phnom Fair » ក្នុងរាត្រីដ៏ត្រកាលនោះ ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមទាំងអស់បានបង្ហាញពីភាពសប្បាយរីករាយនិងមានទំនុកចិត្តខ្ពស់បំពោះការរៀបចំឱ្យមានពិព័រណ៍សហគមន៍ “Temple Fair” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនេះផងដែរ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ










