(តាកែវ)៖ នាថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងក្រុមអាជីវករ ដែលកំពុងអញ្ជើញមកទស្សនាកម្សាន្ត និងប្រកបមុខរបរលក់ដូរ នៅបរិវេណរូបសំណាកបង្កងបាញ់ទឹក តាមបណ្តោយសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តមអភិបាលខេត្ត បានសាកសួរសុខទុក្ខ អំពីស្ថានភាពនៃការប្រកបអាជីវកម្ម ការលក់ដូរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍យ៉ាងជិតស្និទ្ធជាមួយភ្ញៀវទេសចរ ដែលកំពុងមកលំហែកាយ និងផ្តិតយករូបភាពជុំគ្រួសារ សាច់ញាតិ និងមិត្តភក្តិ នៅទីតាំងនិមិត្តរូបដ៏ទាក់ទាញមួយនេះរបស់ខេត្តតាកែវ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនអាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តទាំងអស់ សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងកុំបោះចោលសំរាមពាសវាលពាសកាល ដើម្បីរក្សាសោភ័ណភាពសួនច្បារមាត់បឹងតាកែវឱ្យកាន់តែស្រស់បំព្រង។
សូមជម្រាបជូនផងដែរថា សម្រាប់ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នេះ នៅបរិវេណមាត់បឹងតាកែវ រដ្ឋបាលខេត្តតាកែវ ក៏មានរៀបចំកម្មវិធីអបអរសាទរ ព្រះរាជពិធីបុណ្យសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ផងដែរ៕

