ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីដាល់អំបុកកោះរ៉ុង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

(ព្រះសីហនុ)៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីដាល់អំបុកកោះរ៉ុង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពប្រពៃណីជាតិជាច្រើន រួមមាន ការបោកស្រូវ បុកអំបុក លីងអំបុក រែងអង្កាម និងការអកអំបុករួមគ្នា ដែលបង្ហាញពីសាមគ្គីភាព ការចែករំលែក និងស្មារតីស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ។

សកម្មភាពនេះមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ និងបង្កើតបរិយាកាសអធិកអធមក្នុងឱកាសពិធីបុណ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីអត្តសញ្ញាណជាតិ និងការចូលរួមថែរក្សា អភិរក្ស និងផ្សព្វផ្សាយប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ខ្មែរឱ្យបន្តរស់រវើកពីមួយជំនាន់ទៅមួយជំនាន់។

ជាពិសេស កម្មវិធីនេះក៏ជាឱកាសដ៏ល្អក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍កោះរ៉ុង តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌ ប្រពៃណី និងទេសចរណ៍ ព្រមទាំងបង្កើតបរិយាកាសស្និទ្ធស្នាល និងភាពទាក់ទាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *