រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង រួមមាន៖ កម្មវិធីទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់, កម្មវិធីទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ, កម្មវិធីទី៣.ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, កម្មវិធីទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៥.ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលសម្រេចវឌ្ឍនភាពការងារបានក្នុងខែវិច្ឆិកា ៦,០១% និងគិតត្រឹមដប់មួយខែ សម្រេចបាន ៩៣,៥៥% នៃផែនការប្រចាំឆ្នាំ។ ទន្ទឹមនឹងនោះដែរ លោក ផេង ស៊ីណិត ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានប្រចាំខែវិច្ឆិកា និងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៦ ធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំ២០២៦ និងធៀបនឹងឆ្នាំ២០២៥។ បន្ទាប់ពីការអានរបាយការណ៍ និងបទបង្ហាញរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សា និងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់បន្ថែមលើសេចក្តីព្រាងរបាយការណ៍ ដែលធ្វើឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមការអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួង។
តាមរយៈសេចក្ដីព្រាងរបាយការណ៍ និងបទបង្ហាញ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ បន្ដយកចិត្តទុកដាក់ក្នុងការចុះសិក្សានិងជួសជុលផ្លូវជនបទ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ព្រមទាំងយកចិត្តទុកដាក់សហការជួយមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយ និងផ្ដល់កិច្ចអន្ដរាគមន៍ឆ្លើយតបទៅនឹងបាតុភូតអែលនីញ៉ូ (El Niño) ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការឯកភាពលើរបាយការណ៍ និងទិសដៅការងារបន្ដដែលគ្រោងដាក់ចេញ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដោយផ្អែកតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ឱ្យបន្ដអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងប្រគល់ជូនដោយបុរេសកម្ម និងការទទួលខុសត្រូវ ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្នុងគោលដៅចូលរួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

