ភ្នំពេញ ៖ ៣ ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាងកន្លះលាននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) យ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានចូលរួមចំណែកថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាផង និងភ្ញៀវទេសចរជាតិ-អន្តរជាតិផង។
ទិដ្ឋភាពនាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានា រួមមានរបាំ និងសិល្បៈប្រពៃណីខ្មែរជាច្រើនសម្បូរបែប ព្រមទាំងភ្លក់រសជាតិម្ហូបអាហារជាច្រើនមុខផងដែរ។ ពិសេសបំផុតនោះ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏មានការអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុក។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកស្រីបញ្ជាក់ទៀតថា នៅថ្ងៃបុណ្យអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ប្រមាណ ១៥៩,០០០ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៤,០០០ នាក់។
សម្រាប់ថ្ងៃទី២ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២០ ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ៥ ពាន់នាក់ បានដើរលេងកម្សាន្ត ហើយក៏ជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
លោកស្រីអ្នកនាំពាក្យបន្តថា សម្រាប់ថ្ងៃចុងក្រោយ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវជាតិ និងអន្តរជាតិជិត ១៧ ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ពាន់នាក់ បានមកដើរលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ រាជធានីភ្នំពេញបច្ចុប្បន្ននេះ មានសន្តិសុខល្អ ប្រកបដោយសុខសុវត្ថិភាព ដែលធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាចនាពេលរាត្រីក្រោមម្លប់សន្តិភាព៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

