ឯកឧត្តម ឈា ប៊ុនរិទ្ធ ចាត់តំណាងចុះសំណេះសំណាលជាមួយគ្រួសារគណបក្ស និងពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សានៅឃុំម្សាក្រង ស្រុកស្ទោង

 

(កំពង់ធំ)៖នៅថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តំណាង ឯកឧត្តម ស៊ិន វិសិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារគណបក្សនៅភូមិជីមាស និងភូមិសំប៉ាន ព្រមទាំងពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សានៅសាលាបឋមសិក្សាព្រែកជីក ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងបេសកកម្មចុះមូលដ្ឋាននេះ ឯកឧត្តម ស៊ិន វិសិទ្ធ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជន យុវនារីចំនួន ២៨នាក់ ដែលទើបគ្រប់អាយុ និងបានទៅចុះឈ្មោះបោះឆ្នោតរួចរាល់ ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអតីតសមាជិក សមាជិកាគណបក្សកម្លាំងជាតិចំនួន ៨នាក់ ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយឈរលើជំនឿជាក់ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្ស។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ិន វិសិទ្ធ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ថោ ជេដ្ឋា និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ព្រមទាំងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងថ្ងៃដដែល ឯកឧត្តម ស៊ិន វិសិទ្ធ និងក្រុមការងារ ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងភូមិសំប៉ាន និងបានបន្តដំណើរចុះពិនិត្យដំណើរការ ព្រមទាំងវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាព្រែកជីក ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *