(ភ្នំពេញ)៖ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា” ដំណាក់កាលទី២ Improved service delivery (ISD II) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ (នាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការក្រុង ស្រុក និងឃុំ សង្កាត់ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន) ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង តំណាងស្ថានទូតសាធារណៈរដ្ឋសហព័ន្ធ
អាល្លឺម៉ង់ប្រចាំកម្ពុជា ស្ថានទូតលុចសំបួប្រចាំប្រទេសមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា អង្គការ GIZ ប្រចាំកម្ពុជា ទីភ្នាក់ងារ SDC ប្រចាំកម្ពុជា ភ្នាក់ងារលុចសំបួរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងអង្គការទស្សនពិភពលោកប្រចាំកម្ពុជា ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ប្រកាសអំពីសមាសភាព និងផ្តល់អនុលោមភាពលើឯកសារទស្សនទានស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ បែបបទ និងនីតិវិធីការងាររបស់គណៈកម្មការគ្រប់គ្រងកម្មវិធី Improved service delivery (ISD II)
២. ផ្តល់អនុលោមភាពលើផែនការប្រតិបត្តិការការងាររបស់កម្មវិធី ISD II ។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រដ្ឋាភិបាលសហព័ន្ធស្វីស និងរដ្ឋាភិបាលនៃប្រទេសលុចសំបួរ ដែលបានបន្តគាំទ្រដល់ដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅកម្ពុជា តាមរយៈកម្មវិធី ISD ដំណាក់កាលទី១ និងបន្តគាំទ្រសម្រាប់រយៈពេល៤ឆ្នាំបន្ថែមទៀតតាមរយៈកម្មវិធី ISD ដំណាក់កាលទី២ (២០២៦–២០២៩)។
ឯកឧត្តម បានគូសបញ្ជាក់ថាកម្មវិធី ISD ដំណាក់កាលទី១ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី១ (២០២១–២០២៥) របស់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធី ISD ដំណាក់កាលទី២ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការបន្តជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ស្របពេលដែល គ.ជ.អ.ប. កំពុងអនុវត្តផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២ ។
ឯកឧត្តម ចាន់ សុធា ក៏បានណែនាំដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ឱ្យរួមគ្នាពិនិត្យលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយៈពេល៤ឆ្នាំរបស់កម្មវិធី ISD ដំណាក់កាលទី២ (២០២៦–២០២៩) ដើម្បីកំណត់សកម្មភាព និងអាទិភាពដែលពាក់ព័ន្ធនឹងអាណត្តិ មុខងារ និងតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពលម្អិតសម្រាប់អនុវត្ត។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកដៃគូ បន្តសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តសកម្មភាពនានាជាមួយកម្មវិធី ISD ដើម្បីធានាឱ្យការអនុវត្តទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលដៅ និងលទ្ធផលរំពឹងទុកដែលបានកំណត់ ៕











