លោកជំទាវ វ៉ាន់ ចាន់ថូ បន្ដបំពេញបេសកកម្មដឹកនាំប្រតិភូធនាគារ ADB ចុះសិក្សាស្វែងយល់ពីអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

 

(ប៉ៃលិន)៖នាថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្ដបំពេញបេសកកម្មដឹកនាំប្រតិភូបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យទីតាំងអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែង ព្រមទាំងពិនិត្យ និងកំណត់ទីតាំងគម្រូសម្រាប់ការសាកល្បងអនុវត្តលើការរៀបចំប្រព័ន្ធបណ្តាញចែកចាយបំពង់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្ត្រ។ ការងារនេះធ្វើឡើងក្នុងគោលដៅពង្រឹងសន្តិសុខទឹក និងរក្សានិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ជូនថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទីពីរ (SIWRM) គឺជាគម្រោងយុទ្ធសាស្ត្រ ដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ (២០២៧-២០៣១) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះមានវិសាលភាពគ្របដណ្តប់លើភូមិសាស្ត្រខេត្តចំនួន ៥ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាប ក្នុងគោលបំណងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យមានចីរភាព និងបរិយាបន្ន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *