លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធរំដោះទឹក ស្ថិតក្នុងភូមិសាស្ដ្រឃុំទ្រា ស្រុកស្ទោង

 

​(កំពង់ធំ)៖នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារពង្រីកផ្លូវ និងការស្ថាបនាប្រព័ន្ធរំដោះទឹក ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

​ក្នុងដំណើរចុះពិនិត្យផ្ទាល់ លោកប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារពង្រីកផ្លូវសងខាងមុខមន្ទីរបក្សស្រុកស្ទោង ប្រវែង ៣០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ដែលរហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៩០%។ ដោយឡែក ការកាយប្រឡាយប្រវែង ៩៦០ម៉ែត្រ, ការដំឡើងលូភ្លោះចំនួន ៣កន្លែង, ការសាងសង់រីហ្គែបួនជ្រុងតភ្ជាប់ពីប្រព័ន្ធលូចាស់ និងការបង្កប់លូដោះទឹកទោលចំនួន ៥៩កង់ នៅក្បែរអគារគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង គឺសម្រេចបានលទ្ធផលប្រមាណ ៧០%។

​លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវ និងប្រព័ន្ធប្រឡាយថ្មីនេះ នឹងជួយរំដោះជំនន់ទឹកភ្លៀងក្នុងទីរួមស្រុកស្ទោង សម្រួលដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅកាន់វិទ្យាល័យរស្មីសោភ័ណ្ឌ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេស បន្តពន្លឿនការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់គណបក្ស និងរាជរដ្ឋាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *