(កំពង់ធំ)៖នារសៀលថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ដោះស្រាយបញ្ហាប្រឈម ការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកគណបក្ស និងផ្សព្វផ្សាយពីគោលការណ៍ប្រកួតប្រជែង «លំនៅឋានស្អាត» ក្នុងភូមិសាស្ត្រឃុំទ្រា។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបានកោតសរសើរដល់ក្រុមការងារ ព្រមទាំងសមាជិក សមាជិកា និងជំរុញឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីអនុវត្តតួនាទី និងភារកិច្ចនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស និងការពង្រីកកម្លាំងថ្មី ជាកិច្ចការអាទិភាពដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានទទួលយកសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីពន្លឿនការដោះស្រាយឱ្យបានទាន់ពេលវេលា។
បន្ថែមលើសពីនេះ លោកប្រធានក្រុមការងារបានឧបត្ថម្ភការជួសជុលផ្លូវ ១ខ្សែ ប្រវែង ១,៣០០ម៉ែត្រ ឆ្ពោះទៅវត្តទួលព្រះធាតុ, សាងសង់បន្ទប់ទឹក ១បន្ទប់ នៅសាលាសំណាក់ភូមិសាមក្អោក ព្រមទាំងផ្តល់អំពូលសូឡា និងអង្ករជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានោះដែរ លោកបានចុះសួរសុខទុក្ខសំណេះសំណាល និងជំរុញឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រា បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

