(កំពង់ធំ)៖នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់ក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដើម្បីនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រខ្សត់ខ្សោយ ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងសកម្មភាពមនុស្សធម៌នោះ ក្រុមការងារបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រខ្សត់ខ្សោយ ចំនួន ៥៦គ្រួសារ នៅក្នុងឃុំទ្រា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងទឹកបរិសុទ្ធ ១យួរ។ ព្រមជាមួយគ្នានោះ ក្រុមការងារក៏បានជួយឧបត្ថម្ភសាងសង់បន្ទប់ទឹកចំនួន ១បន្ទប់ ដែលមានទំហំទទឹង ១,៧០ម៉ែត្រ និងបណ្តោយ ១,៨០ម៉ែត្រ ជូនដល់សាលាសំណាក់ក្នុងភូមិសាមក្អោក សម្រាប់ទុកជាប្រយោជន៍ និងសម្រួលដល់ការប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការចូលរួមលើកកម្ពស់អនាម័យ សុខុមាលភាពក្នុងសហគមន៍៕

