លោក ផាង វី ដឹកនាំក្រុមការងារគណបក្សចុះជួយឃុំទ្រា ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ភរិយាលោកមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺ និងចុះជួយគ្រួសារសម្រាលកូនខ្ចីក្នុងមូលដ្ឋានឃុំទ្រា

 

(កំពង់ធំ)៖នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោកស្រី អេង ជឺ ត្រូវជាភរិយារបស់លោក មិន ផាត មេឃុំទ្រា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានពាំនាំនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងការគិតគូរជាទីបំផុតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។ លោកប្រធានក្រុមការងារ បានមានប្រសាសន៍លើកទឹកចិត្តដល់លោកស្រី អេង ជឺ ឱ្យខិតខំថែទាំសុខភាព ពិសារថ្នាំ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ ដើម្បីឱ្យជំងឺបានជាសះស្បើយឆាប់រហ័ស និងរស់នៅជួបជុំគ្រួសារប្រកបដោយភាពរីករាយឡើងវិញ។

ជាមួយគ្នានោះ លោកប្រធានក្រុមការងារ ក៏បាននាំយកថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រគល់ជូនគ្រួសារអ្នកជំងឺ ដើម្បីជួយសម្រាលបន្ទុកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងការចំណាយលើការព្យាបាលជំងឺផងដែរ ដែលនេះស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីនៅថ្នាក់មូលដ្ឋាន។

មានប្រសាសន៍ឆ្លើយតបក្នុងក្តីរំភើប លោកមេឃុំទ្រា និងភរិយា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមប្រធាន លោកប្រធានក្រុមការងារ និងសមាជិកក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីមូលដ្ឋាន ព្រមទាំងក្រុមគ្រួសាររហូតមក មិនដែលបោះបង់ចោលក្នុងគ្រាលំបាកនោះឡើយ។

នៅថ្ងៃដដែលនោះដែរ ក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខគ្រួសារសម្រាលកូនខ្ចី ចំនួន ១០ គ្រួសារ ព្រមទាំងបាននាំយកថវិកា និងសម្ភារសម្រាប់ទារក ចែកជូនដល់គ្រួសារនីមួយៗ ដែលស្ថិតក្នុងភូមិច្រាំងស ភូមិតាចរ ភូមិកុចទីទុយ និងភូមិផ្ទះវាល នៃឃុំទ្រា។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកនូវអំពូលសូឡា ចំនួន ២គ្រឿង និងដែកទីប ចំនួន ២ដើម ជូនដល់អាជ្ញាធរភូមិហប់ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *