ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍សិស្សថ្នាក់ទី១២ ដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ ហើយថ្ងៃនេះបានមកជួបជាមួយប្អូនៗទាំងអស់គ្នា ឈានឆ្ពោះទៅរកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ សូមឱ្យប្រឡងជាប់ទាំងអស់គ្នា ជាពិសេសទទួលបានលទ្ធផលល្អជាងឆ្នាំកន្លងមក។ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា បើមិនបាននិទ្ទេស A យ៉ាងហោចណាស់បាននិទន្ទេស B ឬ C ដែលជាភាពជោគជ័យរបស់ក្មួយ ព្រមទាំងបានថ្លែងអំណគុណចំពោះលោកគ្រូ អ្នកគ្រូ គណៈនាយក និងសហគមន៍ទាំងអស់ដែលបានចូលរួមអភិវឌ្ឍសាលារៀន និងការប្រមូលធាតុចូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សទទួលបានលទ្ធផលល្អ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រោយពីប្រទេសជាតិបានបញ្ចប់សង្គ្រាមសម្តេចតេជោ និងសម្តេចធិបតី បានដាក់ចេញយុទ្ធសាស្ត្រ ត្រីកោណ ចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យលើសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកព្រំដែនមួយមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងព្រំដែនមានការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាព ដោយស្មើសិទ្ធ ស្មើភាព រក្សាបូរណភាពទឹកដីរបស់យើង ដោយយកច្បាប់មកអនុវត្តជាធំ សូមក្មួយៗសិស្សានុសិស្សជាយុវជនឆ្នើមរស់នៅក្នុងសង្គមមានសុវត្ថិភាព មានឱកាសសិក្សារៀនសូត្រ និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ យើងត្រូវតាំងចិត្តខ្លួនយើងឱ្យខ្លាំងជ្រោងឃឿនឯករាជ្យជាតិ តាមរយៈចំណេះដឹង ការខិតខំរៀនសូត្រមានសមត្ថភាពយកចំណេះដឹងទាំងនេះមកអនុវត្តការងារជាក់ស្តែង យើងត្រូវធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរស់នៅក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍ ជាពិសេសនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយសុខភាព គឺជាកត្តាចំបងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសន្យាជាមួយសិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២៥-២០២៦ ប្រសិនប្រឡងជាប់និទ្ទេស A រដ្ឋបាលខេត្តនឹងផ្តល់ម៉ូតូចំនួន ១គ្រឿង ដូចឆ្នាំកន្លងមកដែរ។ សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់និទ្ទេស Aមានចំនួន ៥៦នាក់ ស្រី ចំនួន ២៦នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *