(បន្ទាយមានជ័យ)៖នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ អញ្ជើញចុះពិនិត្យស្ថានភាពការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបេសកកម្ម លោកអគ្គនាយករងបានមានប្រសាសន៍ថា គិតមកដល់ចុងខែកក្កដា ឆ្នាំ២០២៦នេះ ទឹកក្នុងអាងត្រពាំងថ្មបានធ្លាក់ចុះទាបជាងបាតទ្វារទឹកមេប្រមាណ ៣០សង់ទីម៉ែត្រ ដែលមិនអាចបញ្ចេញទឹកស្រោចស្រពបានឡើយ។ ហេតុនេះ ក្រុមការងារ និងមន្ទីរធនធានទឹកខេត្ត បានសម្របសម្រួលបញ្ជូនទឹកបន្ថែមពីអាងទឹកស្ទឹងស្រែង១ ដើម្បីជួយអន្តរាគមន៍ដល់ផ្ទៃដីស្រែប្រមាណជាង ៤ ០០០ហិកតា ស្ថិតក្នុងឃុំណាំតៅ ឃុំភ្នំដី ឃុំប៉ោយចារ និងឃុំស្រះជីក នៃស្រុកភ្នំស្រុក និងឃុំរហាល នៃស្រុកព្រះនេត្រព្រះ។
ក្នុងឱកាសចុះពិនិត្យនោះ លោកអគ្គនាយករងបានជម្រាបជូនពីបាតុភូតអែលនីញ៉ូ (El Niño) ដែលអូសបន្លាយរយៈពេលវែង និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ៖ ទី១) ប្រមូលព័ត៌មានទឹកភ្លៀង រក្សាទុក និងប្រើប្រាស់ទឹកឱ្យបានសន្សំសំចៃ ទី២) បិទបើកទ្វារទឹកតាមបច្ចេកទេសដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ ទី៣) គ្រប់គ្រងថែរក្សាប្រព័ន្ធធារាសាស្ត្រ និងបែងចែកទឹកជូនកសិករឱ្យមានប្រសិទ្ធភាព និងទី៤) ទប់ស្កាត់ និងចាត់វិធានការលើករណីរំលោភបំពានទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ។
សូមជម្រាបថា អាងទឹកត្រពាំងថ្ម ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានសមត្ថភាពស្តុកទឹកប្រមាណ ១៨០លានម៉ែត្រគូប និងផ្ទៃអាងទំហំ ៤៧ ៤៥៥ហិកតា។ អាងនេះទទួលបានទឹកពីផ្ទៃរងទឹកភ្លៀងប៉ែកខាងលើ អាងតាម៉េង អាងពន្លៃ និងស្ទឹងស្រែង១ ដែលជាប្រភពសំខាន់សម្រាប់ស្រោចស្រពស្រូវវស្សា ២៥ ០០០ហិកតា ស្រូវប្រាំង ១៥ ០០០ហិកតា និងផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ស្រុកភ្នំស្រុក និងផ្នែកខ្លះនៃស្រុកព្រះនេត្រព្រះ៕

