(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្តកណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣នាក់) ស្មើនឹង ៣២៦ ៦៧០គ្រួសារ មានដង់ស៊ីតេប្រជាជនមានចំនួន ៤៣៨នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា។
ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។
ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាបញ្ហាស្មុគស្មាញមួយ ហើយបានបង្កើតនូវអារម្មណ៍ថ្នាំងថ្នាក់ច្រើនសម្រាប់ប្រជាពលរដ្ឋ។ នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលដៅបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងឈានទៅចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យចប់ជាស្ថាពរ។
ខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា បានជំរុញការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា ស្រុកខ្សាច់កណ្តាលដែលរៀបចំពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃនេះ គឺជាស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល។
លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្តកណ្តាល បានចាប់ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្តបានរៀបចំក្រុមការងារចំនួន ១១ក្រុម ដែលមានសមាជិកសរុប ១ ១៨៧នាក់ ដើម្បីសម្រេចកិច្ចការចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។
លោក គួច ចំរើន បានឱ្យដឹងថា ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ។
ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ៕

