ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែកក្កដា របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

 

(ភ្នំពេញ) ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ) ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យចូលរួមផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញធ្វើការចុះបញ្ជី និងជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ ព្រមទាំងជំរុញ និងពន្លឿនធានាចំណាយឱ្យបានទាន់ពេលវេលា។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក បានស្នើឱ្យនាយកដ្ឋានសុខាភិបាលបន្តយកចិត្តទុកដាក់ ក៏ដូចជាពង្រឹងប្រសិទ្ធភាពមន្ទីរពេទ្យ ១៦ឧសភា ឱ្យកាន់តែមានភាពប្រសើរឡើង។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំដល់មន្រ្តីនគរបាលរបស់អគ្គនាយកដ្ឋានទាំងអស់ ត្រូវពង្រឹងអនុវត្តតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តសាមគ្គីភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលការងារជូនអង្គភាព និងក្រសួងមហាផ្ទៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *